ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

របៀបដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយ ប្រារព្ធពិធីបុណ្យគ្រីស្មាស

របៀបដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយ ប្រារព្ធពិធីបុណ្យគ្រីស្មាស

នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ពិធីបុណ្យគ្រីស្មាសត្រូវបានប្រារព្ធឡើងយ៉ាងសប្បាយរីករាយ និងពោរពេញដោយសាមគ្គីភាព។ បរិវេណសាលស្វាគមន៍ ត្រូវបានតុបតែងយ៉ាងស្រស់ស្អាតជាមួយនឹងដើមគ្រីស្មាស និងគ្រឿងលម្អដ៏អស្ចារ្យជាច្រើន ដែលបង្កើតឱ្យមានបរិយាកាសដ៏កក់ក្ដៅ និងអធិកអធម។ វាក៏មានបន្ទប់មើលកុន បន្ទប់ខារ៉ាអូខេ ស្តង់ល្បែងកម្សាន្តប្លែកៗ និងស្តង់អាហារសម្រាប់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូកម្សាន្តសប្បាយផងដែរ។

ក្នុងកំឡុងពេលប្រារព្ធពិធី សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូអាចដើរកម្សាន្តជុំវិញសាលស្វាគមន៍ ទស្សនាការតុបតែងដ៏ស្រស់បំព្រង មើលកុន ច្រៀងខារ៉ាអូខេ និងចំណាយពេលដ៏មានន័យជាមួយគ្នា។ វាក៏មានស្តង់លក់អាហារដែលរៀបចំដោយសិស្ស និងគ្រូ សម្រាប់ភ្ញៀវ និងសិស្សដទៃទៀត ដើម្បីទទួលបានទាំងភាពសប្បាយរីករាយ និងអាហារឆ្ងាញ់ៗក្នុងពេលតែមួយ។ លើសពីនេះ បណ្ដាថ្នាក់រៀនមួយចំនួនក៏បានរៀបចំសកម្មភាពកម្សាន្តផ្ទាល់ខ្លួនជាមួយមិត្តរួមថ្នាក់ និងលោកគ្រូអ្នកគ្រូនៅក្នុងបន្ទប់រៀនរបស់ពួកគេផងដែរ។ សិស្សជាច្រើនក៏បានចូលរួមក្នុងកម្មវិធី "Secret Santa" ដែលជាសកម្មភាពដោះដូរការដូរជាមួយដៃគូ ឬមិត្តភក្តិ។ កម្មវិធីនេះជាទូទៅត្រូវបានធ្វើឡើងមួយថ្ងៃមុនថ្ងៃបុណ្យគ្រីស្មាស ដើម្បីឱ្យគ្រប់គ្នាអាចចូលរួមបាន ព្រោះសិស្សមួយចំនួនអាចនឹងមិនបានមកចូលរួមនៅថ្ងៃបុណ្យគ្រីស្មាសផ្ទាល់។

ជារួម បុណ្យគ្រីស្មាសនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានផ្សារភ្ជាប់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកឱ្យនៅជុំគ្នា ក្នុងបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាល។ កម្មវិធីអបអរសាទរនេះចាប់ផ្ដើមពីម៉ោង ៨ ព្រឹក រហូតដល់ល្ងាច សម្រាប់សិស្សដែលសិក្សាវគ្គក្រៅម៉ោង។ រាល់អ្នកដែលចាប់អារម្មណ៍ចង់ចូលរួមអបអរសាទរជាមួយយើង គឺត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅ ប្រសិនបើពួកគេទទួលបានការអញ្ជើញពីនរណាម្នាក់នៅក្នុង អេ អាយ អាយ។ យើងសង្ឃឹមថាគ្រប់គ្នានឹងរីករាយក្នុងថ្ងៃនេះ និងចែកចាយសេចក្ដីស្រឡាញ់ ក្ដីសប្បុរស និងសុភមង្គលនៅទូទាំងអគារ អេ អាយ អាយ ទាំងមូល៕

សរសេរដោយ៖ Khel Pichsilida

កម្រិតសិក្សា៖ GEP7A-B